ព័ត៌មានជាតិ

សាស្ត្រាចារ្យឈាង រ៉ា ៖ GAVI សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិ ចាក់ថ្នាំបង្ការ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបជាមួយលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងប៉ាស៊ីហ្វិកនាថ្ងៃ២២ វិច្ឆិកា បានលើកសរសើរអង្គការបានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ។

លោករដ្ឋមន្រ្តីបន្តថា អង្គការនេះក៏បានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជួយក្រសួងសុខាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនធំបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាក្រោមគម្រោង Gavi COVAX Facility សំដៅបង្កើតឲ្យបានភាពស៊ាំសង្គម និងសេដ្ឋកិច្ច ដែលជាគោលដៅប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ និងផ្តល់ឱកាសឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ នាពេលកន្លងមក។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ GAVI ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជា លើការងារ និងសកម្មភាពផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាល។

ចំណែកប្រធានអង្គការ GAVI បានអបអរសាទរសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកថា អង្គការ GAVI បាននិងកំពុងបន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០១មក តាមរយៈគម្រោងសំខាន់ៗដូចជា៖ ១) គម្រោងពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការ ពីឆ្នាំ២០០១ ដល់ឆ្នាំ ២០០៩ , ២) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី១ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ , ៣) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី២ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ និង ៤) គម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចំរុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល​ជំហាន​ទី៣។

ដូចអ្វីដែលលោក Samuel Muller ប្រធានអង្គការ GAVIលើកឡើងនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ក្នុងកិច្ចសហការដ៏ល្អដើមី្បកុមារកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ និងថ្លែងអំណរគុណអង្គការ GAVI ដែលបានបញ្ជាក់ជំហរ និងប្តេជ្ញាចិត្តបន្តគាំទ្រក្រសួងសុខាភិបាល ព្រមទាំងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀតទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ស្រុកប្រតិបត្តិ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល​ អាណត្តិទី៧៕

To Top