ព័ត៌មានជាតិ

ប្រធានសមាគមជប៉ុន-កម្ពុជា លេីកឡេីងអំពីគម្រោងបើកការិយាល័យ នៅភ្នំពេញ​

ភ្នំពេញ​ ៖​ ថ្លែងនាឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា​ សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។

លោក ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថាការិយាល័យនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។

លោកប្រធានសមាគម ក៏បានជម្រាប លោកអភិសន្តិបណ្ឌិត ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យម​ ជប៉ុន​ ដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បី​ ជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជាការឆ្លើយតប លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Takahashi Fumiaki និងគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។

លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុន​ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកអភិសន្តិបណ្ឌិត បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណវិនិយោគិនជប៉ុនដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា៕

To Top