កំពង់ចាម ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៥ អាណត្តិទី៣ អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ បានណែនាំ ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន សូមខិតខំ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវផ្លាស់ប្តូរឥរិយាបថ ឲ្យសាកសមជាមន្ត្រី បម្រើសេវាសាធារណៈផងដែរ ។

វេទិកានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិដងក្តា ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។
លោក ស្រី សុភ័ក្ត្រ បានថ្លែងថា ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមិនមែនចេះតែធ្វើឲ្យរួចពីដៃនោះទេ ពោលគឺ គឺផ្ដល់ឱ្យល្អថែមទៀត ដែលការផ្ដល់ឱ្យល្អនេះ គឺពាក់ព័ន្ធនឹងឥរិយាបថរបស់មន្ត្រីយើង ។ ដូច្នេះមន្ត្រីរដ្ឋបាលសាធារណៈ គឺត្រូវទទួលយកការរិះគន់ពីប្រជាពលរដ្ឋ ដើម្បីកែប្រែឥរិយាបថរបស់ខ្លួន បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យសាកសមជាមន្ត្រី ជាអ្នកបម្រើសេវា ជូនប្រជាពលរដ្ឋ ដោយពួកគាត់ពេញចិត្តផងដែរ ។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផល ការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។

សូមបញ្ជាក់ថា អង្គវេទិកានោះ អាជ្ញាធរក្រុមប្រឹក្សាខេត្ត បានទទួល សំណើរ សំណូមពរ និងក្តីកង្វល់ប្រជាពលរដ្ឋ ចំនួន ១៩ ក្នុងនោះ ដោះស្រាយភ្លាមៗ បាន ៩ និងនៅសល់មួយចំនួនទៀត ត្រូវបានយកទៅពិគ្រោះពិភាក្សា និងដោះស្រាយបន្ត តាមនិតិវិធីរបស់រដ្ឋបាល ៕
