ភ្នំពេញ ៖ ករណីលោកមេប៉ុស្តិ៍ស្រែចារ ចុះទៅឃាត់ការសម្ដែងល្ខោននៅក្នុងវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ស្នងការនគរបាលខេត្ត បានសម្រេចផ្អាកការងារលោកមេប៉ុស្តិ៍រូបនេះជាបណ្តោះអាសន្ន និងឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។
ក្រោយវិដេអូឃ្លីបផ្សព្វផ្សាយជាសាធារណៈជាង៨នាទីបង្ហាញពីលោកមេប៉ុស្តិ៍ខាងលើចុះទៅនិយាយអំពីសួររកលិខិតអនុញ្ញាតឲ្យលែងល្ខោនក្នុងវត្ត បានផ្ទុះការរិះគន់ជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ។
បើតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះនាថ្ងៃ២៣ វិច្ឆិកា បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គម មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។
ក្រោយដឹងបែបនេះ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។
ស្នងការដ្ឋាននគរបាលខេត្ត ក៏ធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត។
ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់ កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយ សង្គមព័ត៌មាន៕