ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងលើកទឹកចិត្តដល់សហជីពទាំងអស់នៅកម្ពុជា ប្រើយន្តការពិភាក្សាគ្នា និងសហការគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងគោលដៅធ្វើយ៉ាងណាឱ្យវិស័យការងារកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងនេះ គឺក្នុងឱកាសដែល លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចពិភាក្សាការងារនេះ លោក ហេង សួរ និងលោកស្រី យ៉ាង សុភ័ណ្ឌ បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការការងារ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ រួមទាំងជម្រុញក្របខណ្ឌគោលនយោបាយជាតិសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតនាថ្ងៃអនាគត។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអនុវត្តកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះឈ្មោះ និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីពួកគាត់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈដែរ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីពដើម្បីស្វែងរកដំណោះស្រាយ និងសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត៕








