ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្នុងសម័យប្រជុំ លើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយឥតកែប្រែ ចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈ ចំនួន៣ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគិតគូររៀបចំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយតម្រង់ការប្រើប្រាស់ធនធានលើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ មិនឱ្យរាំងស្ទះ ជាពិសេសការស្តារ និងទ្រទ្រង់ជីវភាព ប្រជាជន និងការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជា ដើម្បីសម្រេចឱ្យខានតែបាននូវ អាទិភាពគោលនយោបាយសំខាន់ៗ ជាសារវន្ត នៃកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានមក ដោយលំបាក ក៏ដូចជាការអនុវត្តអាទិភាព គោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពី ដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។

របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណង ជាអាទិភាពជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើង នូវការធ្វើពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ដោយភាគីទាំងពីរអនុលោមតាមច្បាប់ ពាណិជ្ជកម្មអន្តរជាតិ ៕

To Top