ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមដងទន្លេសាប ដើម្បីធ្វើការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ ។
ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ដោយមានទូកចូលរួមទាំងទូកអុំ, ទូកមួងឬហៅថាទូកចែវ, ទូកខ្នាតអន្តរជាតិ ទាំងបុរស.នារី សរុបចំនួន ៤៤ទូក ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ-កីឡាការនី សរុបចំនួន២.៨៧៩នាក់ (ស្រី៥៤នាក់)។
ការរៀបចំសាកល្បងនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ដែលជាការរួមចំណែក ថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូលង់មកហើយ ដែលបានបង្ហាញពីការរំលឹកដឹងគុណ ដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណ´ភាពទឹកដី របស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។
លោក ឃួង ស្រេង បានលើកឡើងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ ។
ក្នុងនោះលោកក៏បានអំពាវនាវបន្ថែមទៀត ដល់បងប្អូនជាកីឡាករ-កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ដើម្បីចូលរួមលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយរវាងគ្នានិងគ្នានោះទេ៕








