ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាបានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយ នៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដែលជាកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងឱកាសនោះ លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរ នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែក ក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈក្នុងនាមជាតំណាងអចិន្រ្ដៃយ៍ របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេស តាមរយៈការរួមចំណែក ក្នុងការកសាងធនធានមនុស្ស នៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ចំពោះជោគជ័យ ដែលសម្រេចបាន ពីពិធីចុះហត្ថលេខានេះ ព្រមទាំងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគម អ.ម.ត ក៏ដូចជា សមាគមពាណិជ្ជកម្ម ខេត្តអានហ៊ួយនៅកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផល ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការមួយនេះ។

ក្នុងនោះដែរ លោកស្រីបណ្ឌិត បានថ្លែងអំណរគុណចំពោះ សមាគមអានហ៊ួយនៅកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ ជូននិស្សិតកម្ពុជា តាមរយៈសមាគម អ.ម.ត ក៏ដូចជាសាកលវិទ្យាល័យអានហ៊ួយ ដែលតែងជួយសម្រួបសម្រួល ដល់ការសិក្សា និងស្នាក់នៅរបស់និស្សិត អ.ម.ត ដោយយកចិត្តទុកដាក់គួរជាទីកក់ក្តៅ ។

លោកស្រីបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ដូច អាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បង លើការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ហើយក៏ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីបណ្ឌិត ក៏បានស្នើឱ្យសមាគមអានហ៊ួយនៅកម្ពុជា បន្តសហការជិតស្និទ្ធជាមួយក្រុមការងារ អ.ម.ត ចិន និងសាកលវិទ្យាល័យអានហ៊ួយ ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជូននិស្សិត នៅដំណាក់កាលបន្ទាប់ សម្រេចទៅតាមផែនការ ដែលបានគ្រោងទុក និងសង្ឃឹមថានិស្សិត អ.ម.ត ដែលត្រូវបានជ្រើសរើស ឱ្យទៅបន្តការសិក្សា នឹងទទួលបានការយកចិត្តទុកដាក់ និងបញ្ចប់ការសិក្សា ដោយជោគជ័យគ្រប់ៗគ្នា ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១១ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ក្នុងក្របខណ្ឌក្រៅប្រទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន មានចំនួន ១៨៦ នាក់ ក្នុងនោះមាននិស្សិតចំនួន ១៤៨ នាក់ កំពុងសិក្សា និងចំនួន ៣៨ នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ៕
