ភ្នំពេញ ៖ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១.២០០.០០០នាក់។
យោងតាមរបាយការណ៍ ចេញដោយអនុគណៈកម្មការ ការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៦ វិច្ឆិកា មានទូកចូលរួមប្រកួត ចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) ប្រទីបដែលនឹងត្រូវបណ្តែត អបអរសាទរ ព្រះរាជពិធីបុណ្យមាន ចំនួន ៣០ប្រទីប។
ប្រភពដដែល បន្ដថា ចំពោះសភាពបទល្មើស ព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ, ក្រុមគ្រូពេទ្យប្រចាំការ នៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ១.៦៧៤នាក់ (ស្រី ២៤៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ០១នាក់, កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិ ចំនួន ៦នាក់ ដោយបានធ្វើការ ផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិ មកទទួលយកទៅវិញចំនួន ០៤នាក់ និងកំពុងស្វែងរកសាច់ ញាតិចំនួន ០២នាក់បន្តទៀត។
ចំពោះកម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណី ទូកប្រណាំងលិចទឹក ចំនួន ០៩ទូក ដោយបានជួយសង្រ្គោះ កីឡាករសរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព ។ បានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕