ព័ត៌មានជាតិ

តោះមកដឹងពីអត្ថន័យ របស់ប្រទីបក្រសួងរ៉ែ និងថាមពល ដែលដាក់តាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

ភ្នំពេញ៖ ប្រទីបរបស់ក្រសួងរ៉ែ និងថាមពល ដែលកំពុងដាក់តាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា គឺបញ្ជាក់អំពីសមិទ្ធផលធំៗ នៃវិស័យអាទិភាពទាំងបីរួមមានវិស័យ រ៉ែ ថាមពល និងប្រេងកាត ។

យោងតាមហ្វេសប៊ុកក្រសួងរ៉ែ បានបញ្ជាក់ថា ក្នុងប្រទីបនេះ ក៏បានរចនាឡើង អមដោយសមិទ្ធផលធំៗ ក្នុងរយៈពេលកន្លងមក និងផែនការសកម្មភាពក្នុងវិស័យដែលក្រសួងទទួលបន្ទុករួមមាន៖

-វិស័យរ៉ែ៖ បង្ហាញអំពីរោងចក្រផលិតស៊ីម៉ង់ដែលរំលេចដោយពន្លឺភ្លើងព៌ណប្រផេះមានអក្សរ ”ស៊ីម៉ង់ត៍” ជាតំណាង ផលិតកម្មស៊ីម៉ងត៍ ដែលមានរូបធុងស៊ីឡូទី១ ផ្ទុកក្លាងគែរ (Clinker) និងធុងស៊ីឡូមួយទៀត ផ្ទុកស៊ីម៉ងត៍ម៉ត់បញ្ចេញទៅវេចខ្ចប់។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ០៥ កំពុងដំណើរការផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ និងមានរោងចក្រ ២ទៀតដែលនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥។ នៅខាងក្រោម ជាឡស្លមាសតំណាងអាជីវកម្មរ៉ែមាស ដែលកំពុងបង្ហូរចេញចាក់ជាដុំមាស នៅក្នុងពុម្ព។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាផលិតមាសបានប្រមាណ ៩តោន។

-វិស័យថាមពល៖​ បង្ហាញអំពីកង្ហារនៃប្រភពអគ្គិសនីដោយថាមពលខ្យល់ ដែលកំពុងសិក្សាអភិវឌ្ឍន៍។ ខាងក្រោមបង្ហាញអំពីទំនប់ស្ថានីយវារីអគ្គិសនីនៅជ្រលងភ្នំ ដែលបច្ចុប្បន្ននេះមានស្ថានីយវារីអគ្គិសនីចំនួន៨ កំពុងដំណើរការ មានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់។ នៅលើចង្កេះភ្នំ គឺរូបផ្ទាំងកញ្ចក់ ទទួលថាមពលពន្លឺព្រះអាទិត្យ ដែលបច្ចុប្បន្នមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ កំពុងដំណើរការ។ នៅឆ្នាំ ២០២២ យើងបានប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ២០៣០។ បង្គោលខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២ដើម រំលេចដោយពណ៌ទឹកប្រាក់ និងភ្ជាប់ដោយខ្សែភ្លោះប្រាំមួយសរសៃ កំពុងមានចលនាបញ្ជូនចរន្តអគ្គិសនីរចនាដោយភ្លើងពណ៌ផ្កាឈូក លឿង និងបៃតង ភ្ជាប់មកអនុស្ថានីយអគ្គិសនី សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់។

បច្ចុប្បន្នភូមិចំនួនជាង ៩៨% និងលំនៅដ្ឋានចំនួនជាង ៨៨% បានទទួលការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ហើយភូមិទាំងអស់នឹងទទួលបានការផ្គត់ផ្គង់អគ្គិសនី ១០០% នៅឆ្នាំ២០៣០។ អំពូលភ្លើងដែលរចនាប្តូរព៌ណពីលឿងទុំទៅ ស បង្ហាញការប្តូរពីអំពូលរ៉េស៊ីស្តង់ទៅអំពូល អិល អ៊ី ឌី (LED) ជានិមិត្តរូបនៃការអនុវត្តគោលនយោបាយជាតិប្រសិទ្ធភាពថាមពល ដែលមានគោលដៅសន្សំសំចៃថាមពលអគ្គិសនីឱ្យបាន ១៩%នៅឆ្នាំ ២០៣០។ នៅជាប់អនុស្ថានីយអគ្គិសនីគឺជាស្ថានីយបញ្ចូលអគ្គិសនីដល់យានយន្តអគ្គិសនី​ (EV) ដែលជាផ្នែកមួយនៃការជម្រុញឱ្យមានការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ទៅជាការប្រើប្រាស់ថាមពលស្អាត។

-វិស័យប្រេងកាត៖ បង្ហាញអំពីស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងបម្រើអតិថិជន។ រថយន្តស៊ីទែនកំពុងដឹកប្រេងឥន្ធនៈពីមណ្ឌលសន្និធិមកផ្ទេរចូលក្នុងពោងប្រេងកប់ក្រោមដី តាម ក បំពង់ទទួលប្រេង ដែលមានឧបករណ៍ការពារសុវត្ថិភាពក្នុងការផ្ទេរ និងមានបំពង់ខ្យល់ចេញបន្ធូរសម្ពាធ។ នៅផ្នែកខាងក្រោយមានពោងឧស្ម័នឥន្ធនៈ ដែលមានរបងចម្រឹងដែកការពារព័ទ្ធជុំវិញ។ បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈចំនួន ៥ ៧៤៧ ស្ថានីយ និងមណ្ឌលសន្និធិប្រេងនិងឧស្ម័នឥន្ធនៈចំនួន ២៦ ទីតាំង ៕

To Top