ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ជួបសំណេះសំណាល ជាមួយ មន្រ្តីសុខាភិបាលប្រចាំការ ផ្តល់សេវាជូនពលរដ្ឋ នាថ្ងៃអុំទូក

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៨ វិច្ឆិកា បានអញ្ជើញជួបសំណេះ សំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដោយប្រសិទ្ធិភាពខ្ពស់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

សាស្ត្រាចារ្យរដ្ឋមន្រ្តីក៏កោតសសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ ដែលបានបំពេញការងារក្នុង រយ:ពេល៣ថ្ងៃនេះបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានស្នើមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមអំពីសារៈសំខាន់ និងអត្ថន័យនៃការជួយសង្រ្គោះអាទិភាព មានចំនួន ៤ពណ៌ ដែលក្រុមគិលានសង្រ្គោះត្រូវយកចិត្តទុកក្នុងការជួយដល់ជនរងគ្រោះ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតលើការងារជួយសង្រ្គោះ នៅតាមពិធីបុណ្យជាតិធំៗ ដែលមានមនុស្សច្រើន និងករណីមានការឡើងជាយថាហេតុណាមួយ។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តី សុខាភិបាលពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគិលានសង្រ្គោះ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។ រដ្ឋមន្រ្តីក៏ជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅ ទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះ បន្ទាន់ក្នុងករណីចាំបាច់បំផុត ៕

To Top