ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិត ខាងភូមិផងរបងជាមួយគ្នា របស់សម្តេចរដ្ឋសភាធិបតី នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពលើកដំបូង របស់សម្តេច ចាប់តាំងពីរដ្ឋសភា នីតិកាលទី៧ បានប្រសូត្រឡើង ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ កាន់តែរឹងមាំគ្រប់ ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។
ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេស ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ជូន ប្រទេសនិងប្រជាជនទាំងសងខាង៕