ព័ត៌មានជាតិ

អ្នកប្រឡងបាក់ឌុប មិនជាប់ កុំអស់សង្ឃឹម អតីតសិស្សម្នាក់ ប្រាប់ពីជំនាញ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

ភ្នំពេញ ៖ យុវជន ម៉ៅ វ៉ាន់ថេន ជានិស្សិតថ្នាក់បរិញ្ញាបត្ររង ជំនាញមេកានិកទូទៅ នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) លើកទឹកចិត្តដល់យុវជន ដែលប្រឡងបាក់ឌុបមិនជាប់ កុំមានការអស់សង្ឃឹម ហើយសូមងាកមកសិក្សា ចាប់យកជំនាញ បច្ចេកទេសវិញ ព្រោះប្រទេសកម្ពុជា កំពុងត្រូវការអ្នកបច្ចេកទេសជាច្រើន ដូចជាផ្នែកគ្រឿងបន្លាស់ នៅតាមរោងចក្រសហគ្រាស ជំនាញជួសជុលគ្រឿងយន្ត ជំនាញមេកានិកទូទៅ ជំនាញអគ្គិសនីជាដើម ។

យុវជន ច្រឹក ឡេងប៊ុនលី និស្សិតផ្នែកមេកានិករថយន្ត

ក្នុងនាមជា អតីតសិស្សប្រឡង មិនជាប់បាក់ឌុប យុវជន ម៉ៅ វ៉ាន់ថេន បានអំពាវនាវ ដល់យុវជនដទៃទៀត កុំយកពេលវេលាប្រព្រឹត្ត អំពើមិនល្អ ក្នុងសង្គមហើយត្រូវយកពេលមក សិក្សាជំនាញមួយច្បាស់លាស់ ដែលអាចជួយខ្លួនឯង បាននាពេលអនាគតវិញ ។

យុវជន ម៉ៅ វ៉ាន់ថេន និស្សិតផ្នែកមេកានិកទូទៅ

យុវជនដែលស្រឡាញ់ជំនាញ មេកានិកទូទៅរូបនេះ បានចែករំលែកបទពិសោធន៍ថា “ទោះបីជាខ្ញុំប្រឡងមិន ជាប់បាក់ឌុបក៏ដោយ តែខ្ញុំតាំងចិត្តថា ចូលរៀនថ្នាក់បរិញ្ញាបត្ររង ជំនាញបច្ចេកទេសជាមុនសិន ហើយក៏មានគម្រោង បើកអាជីវកម្មផ្ទាល់ខ្លួន ផ្នែកមេកានិកទូទៅ នៅស្រុកកំណើតពេលរៀនចប់ បន្ទាប់មកបើមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់នោះ ខ្ញុំនឹងបន្តសិក្សាថ្នាក់បរិញ្ញាបត្រថែមទៀត” ។

ទន្ទឹមនេះ យុវជន ម៉ៅ វ៉ាន់ថេន បានទទួលដំណឹងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលទៀត សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទូទាំងប្រទេសចំនួន ១,៥លាននាក់ ដែលនេះជាដំណឹងល្អណាស់ សម្រាប់យុវជនដែលមិន ទាន់មានជំនាញច្បាស់លាស់ និងមិនមានលទ្ធភាពចូលរៀនជំនាញវិជ្ជាជីវៈ រឺជំនាញបច្ចេកទេស ។

ដូចគ្នានេះ យុវជន ច្រឹក ឡេងប៊ុនលី ជានិស្សិតផ្នែកមេកានិករថយន្តនៃវិទ្យាស្ថាន NPIC ក៏យល់ឃើញថា ក្នុងនាមយុវជនជាទំពាំងស្នងឬស្សី ត្រូវតែមានជំនាញមួយច្បាស់លាស់ដើម្បីខ្លួនឯង និងគ្រួសារ ប្រសើរជាងយកពេលវេលា ដើរលេងច្រើនពេក ។
យុវជនរូបនេះ ជំរុញដល់យុវជន គួរចំណាយពេលខ្លីចូលរៀនជំនាញវិជ្ជាជីវៈ រឺជំនាញបច្ចេកទេសណាមួយ ដែលខ្លួនស្រឡាញ់ ដោយឥតគិតថ្លៃនៅវិទ្យាស្ថាន NPIC តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាល បានប្រកាសអនុវត្តជាផ្លូវការហើយ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំង តាមបណ្តោយមហាវិថីឈ្នះឈ្នះ រឺផ្លូវកប់ស្រូវ ស្ថិតនៅក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ គឺជាគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ កំពុងរង់ចាំស្វាគមន៍ យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក៏ដូចជាបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ មានអាយុចាប់ពី១៥ឆ្នាំឡើង អាចចុះឈ្មោះចូលសិក្សាជំនាញវិជ្ជាជីវៈ និង បច្ចេកទេសកម្រិត១ រយៈពេលខ្លីដោយឥតគិតថ្លៃ លើវិស័យដូចជា វិស័យសំណង់ វិស័យអគ្គិសនីនិងថាមពល វិស័យមេកានិករថយន្ត វិស័យកម្មន្តសាល វិស័យសេវាកម្មធុរកិច្ចនិងព័ត៌មានវិទ្យា វិស័យអេឡិចត្រូនិក វិស័យបរិក្ខាត្រជាក់និងកម្តៅ វិស័យសេវាកម្ម វិស័យទេសចរណ៍ វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម ។

សម្រាប់ការស្វែងរកព័ត៌មាននៃការចុះឈ្មោះ និងស្វែងរកព័ត៌មានផ្សេងៗនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) សូមចូលទៅកាន់គេហទំព័រ npic.edu.kh (https://npic.edu.kh/) រឺតាមរយៈហ្វេកប៊ុកឈ្មោះថា NPIC- National Polytechnic Institute of Cambodia (https://www.facebook.com/npic.edu.kh) ៕

To Top