ព័ត៌មានជាតិ

លោក ឈត ប៊ុនថង ៖ ជនបរទេស ចាប់អារម្មណ៍ជាខ្លាំង លើពិធីបុណ្យអុំទូករបស់ខ្មែរ

ភ្នំពេញ ៖ មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថង បានលើកឡើងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់ខ្មែរ ដែលបានបញ្ចប់ ទៅមួយថ្ងៃមកនេះ គឺបានបង្ហាញ ទៅដល់បណ្តាប្រទេស ទូទាំងពិភពលោក ខណៈជនបរទេសជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ លើបុណ្យជាតិរបស់ខ្មែរនេះ ដែលបានប្រារព្ធឡើង តាំងពីយូរលង់មកហើយ ។

ការលើកឡើងរបស់ថា មានជនបរទេស ចាប់អារម្មណ៍លើបុណ្យអុំទូកនេះ ខណៈលោកអវត្តមាននៅប្រទេស ហើយជាប់បំពេញបេសកកម្មការងារ នៅប្រទេសម៉ាឡេស៊ី ហើយមានមិត្តបរទេសបានសួរនាំពីលោកច្រើនអំពីបុណ្យអុំទូក ។

លោកថា ក្នុងពេលលោកកំពុង ចូលរួមកិច្ចប្រជុំនៅម៉ាឡេស៊ី មានមិត្តភិក្តជាជនបរទេសបានសួរនាំច្រើនពីពិធីបុណ្យអុំទូកនេះ ដូច្នេះលោកសន្មត់ថា ជនបរទេសនានា ដែលចូលប្រជុំនៅលើទឹកដីម៉ាឡេស៊ីបានដឹងថា កម្ពុជាបាននិងកំពុងរៀបចំបុណ្យអុំទូក ហើយធ្វើឲ្យពួកគេចាប់អារម្មណ៍ជាខ្លាំង។

លោកកក៏បានមើលឃើញថា ក្នុងពិធីបុណ្យនេះ ក៏មានភ្ញៀវទេសចរណ៍អន្តរជាតិចូលរួមទស្សនាច្រើនកុះករផងដែរ ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៩ វិច្ឆិកា លោក ឈត ប៊ុនថងបានប្រាប់ថា “ខ្ញុំបានមកចូលរួមសន្និសីទមួយនៅប្រទេសម៉ាឡេស៊ី អ្នកធ្លាប់នៅស្រុកខ្មែរ(ជនបរទេស) អ្នកធ្លាប់មើលព័ត៌មានស្រុកខ្មែរ គេក៏ចាប់អារម្មណ៍ដែរ ។ គេថា អ្នកឯងមក អត់បានចូលរួមបុណ្យនុងទេ(អុំទូក) បានជាមកចូលរួមសន្និសីទហ្នឹងចឹង ព្រោះបុណ្យនុងសប្បាយ។ ចឹងមានន័យថា ពួកបរទេសក៏គេចាប់អារម្មណ៍ដែរ”។

សរុបជារួមមកលោកឈត ប៊ុនថងថា បុណ្យអុំទូកនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសសប្បាយរីករាយ ក្រោយខកខាន៣ឆ្នាំជាប់គ្នា(២០២០-២០២២) ហើយក៏បាន ទាក់ទាញភ្ញៀវទេសចរ ផងដែរ ។ នេះសបញ្ជាក់ថា បានធ្វើឲ្យពិធីបុណ្យនេះ រស់រវើកដែលធ្វើឲ្យតម្លៃ នៃវប្បធម៌ប្រពៃណី របស់ជាតិខ្មែរកាន់តែល្បីល្បាញរន្ទឺថែមទៀត ។

បើតាមរបាយការណ៍ របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ គឺនាថ្ងៃទី៣ ត្រូវនឹងថ្ងៃ២៨ វិច្ឆិកា នៃព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ នៅតែបន្តល្អប្រសើរ ខណៈប្រជាពលរដ្ឋចូលរួមកម្សាន្ត សប្បាយប្រមាណ២លាននាក់ ៕

To Top