ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា វាយតម្លៃខ្ពស់ ពីភាពរីកចម្រើនរបស់មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២៩ វិច្ឆិកា បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់មជ្ឈមណ្ឌលជាតិនេះផងដែរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មជ្ឈមណ្ឌលនេះ ទាំងរហដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ព្រមទាំងត្រូវពិនិត្យបន្ថែមទៀត ក្នុងការជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសម្ភពរោគស្ត្រី សង្គ្រោះទារក វះកាត់ផ្នែកសរីរាង្គ ថែមទៀត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋជាពិសេសស្រ្តី និងកុមារ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

សាស្រ្តាចារ្យរដ្ឋមន្រ្តី សម្តែងអំណរគុណ និងកោតសរសើរជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទាំងអស់ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានលះបង់ពេលវេលា កំលាំងកាយ ចិត្តចូលរួមចំណែកបម្រើសេវាសុខាភិបាល ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ស្នើសុំមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

To Top