កុងកោះ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចសុខចិត្តឲ្យក្រុមប្រឆាំង នៅក្រៅប្រទេសហៅសម្តេចថា «ជនផ្ដាច់ការ» នៅពេលសម្ដេចនិយាយពីសន្ដិភាពរបស់កម្ពុជា ជាជាងមិនអាចស្វែងរក សន្ដិភាពជូនប្រជាពលរដ្ឋ។
សម្ដេចធិបតីបន្ដថា បើគ្មានសុខសន្តិភាព ក៏គ្មានការអភិវឌ្ឍផ្នែកថាមពលអគ្គិសនីដែរ ។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកខ្លះឲ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់កម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាល ផ្ដាច់ការ ខណៈកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា វិស័យថាមពលអគ្គិសនីនេះ ជាដើម។
សម្ដេចមានប្រសាសន៍ថា «អ្នកដែលចោទខ្ញុំឲ្យតែនិយាយសន្ដិភាព ឲ្យតែរដ្ឋាភិបាលនិយាយសន្ដិភាព គឺស្មើនឹងផ្ដាច់ការ បានន័យថា យើងខិតខំថែរក្សាសន្ដិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ នេះជាការប្ដេជ្ញាចិត្តឲ្យគេចែកថា នេះជាការផ្ដាច់ការ។ បើសិនជាការប្ដេជ្ញាចិត្តថែរក្សាសន្ដិភាព និងស្ថិរភាព ឲ្យប្រជាពលរដ្ឋ ត្រូវបានគេចោទថា ផ្ដាច់ការ ខ្ញុំសុខចិត្តឲ្យគេហៅខ្ញុំថា ផ្ដាច់ការ ជៀសជាងឲ្យប្រជាជន ចោទខ្ញុំថា អសមត្ថភាពឲ្យសង្គ្រាមកើតឡើង និងស្លាប់ឡើងវិញ»។
សម្ដេចបន្ដថា សម្ដេចមិនឲ្យប្រជាជនចោទ រាជរដ្ឋាភិបាលអាណត្តិទី៧នេះថា គ្មានសមត្ថភាពនោះទេ ដូច្នេះការថែរក្សាសេចក្ដីសុខជូនប្រជាជន ជាពិសេស សុខសន្ដិភាព ដែលបានដោយការលំបាក និងការលះបង់ច្រើនរបស់ជាតិពិតជាពិបាករក។ អ្នកខ្លះថា ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ទៅធ្វើពិធីកាន់ទុក្ខ ប៉ុន្តែសម្តេចតបថា គឺពួកអ្នកឯងទៅវិញទេធ្វើពិធីកាន់ទុក្ខនោះ ព្រោះប្រជាពលរដ្ឋ រាប់លាននាក់ បានសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									