ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗ ៩ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ។នេះបើតាមសារលិខិតរបស់សម្តេចនាឱកាសបើកបវេសនកាលថ្មី ។
អនុសាសន៍សំខាន់ៗទាំង ៩ចំណុចមានដូចខាងក្រោម៖
ទី១.ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញ រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ។
ទី២.គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឲ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះបណ្ដាលគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មាន ការញាំញីផ្លូវចិត្ត និងផ្លូវកាយ។
ទី៣.លោកគ្រូ អ្នកគ្រូ បន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
ទី៤.មាតាបិតា អ្នកអាណាព្យាបាល ចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឲ្យកូនបានសិក្សាបន្ថែមនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ជាដើម។
ទី៥. សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវ ខ្ជាប់ខ្ជួននិងចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ ។
ទី៦. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួម និងគាំទ្រឲ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។
ទី៧.ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងសប្បុរសជននានា បន្តចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់វិស័យអប់រំ ជាពិសេសការលើកកម្ពស់ អភិបាលកិច្ចសាលារៀន ។
ទី៨.គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បន្តជួយផ្សព្វផ្សាយ ទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន ។
ទី៩.មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូននាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព ៕