ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ ឆ្នាំ២០២៣ អមដំណើរដោយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា បានអញ្ជើញពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ថ្នាក់តំបន់ របស់គណៈកម្មការទន្លេមេគង្គ (MRC)។

ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកបណ្ឌិត អានូឡាក់ គិទីគួន នាយកប្រតិបត្តិ និងមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបទៀត ។

ក្នុងនាមប្រធានក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតប្រឹងប្រែង របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដែលបានសហការ យ៉ាងល្អ ជាមួយប្រទេសជាសមាជិក អនុវត្តនូវបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ សម្រេចបានសមិទ្ធផល និងវឌ្ឍនភាព គួរឱ្យកត់សម្គាល់ ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គប្រកបដោយចីរភាព ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាមួយប្រទេស តាមដងទន្លេដោះស្រាយហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលជាក្តីបារម្ភខ្លាំងសម្រាប់ប្រទេសជាសមាជិក និងប្រជាជនក្នុងអាងទន្លេ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការប្រែប្រួលរបបជលសាស្រ្ត គ្រោះទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គ នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ជាចំណុចសំខាន់ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ ដោយពង្រឹងការពិនិត្យតាមដានឱ្យបានដិតដល់ និងត្រូវជូនដំណឹងដល់ប្រទេសតាមដងទន្លេជាប្រចាំ ទាន់ពេលវេលា តាមរយៈអភិក្រម និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ដែលតភ្ជាប់គ្នាកាន់តែប្រសើរ រវាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រែប្រួលទាំងនេះ បណ្តាលមកកំណើនតម្រូវការទឹក ស្បៀង និងថាមពល សន្ទុះនៃការអភិវឌ្ឍលឿន និងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងដាក់សម្ពាធខ្លាំងឡើង មកលើធនធានក្នុងអាង និងនិរន្តរភាពទន្លេមេគង្គ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីតួនាទីកាន់តែសំខាន់ របស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ថ្នាក់តំបន់ ដែលបានបង្កើតឡើង ដោយគណៈកម្មការទន្លេមេគង្គ នៅក្នុងបរិបទ នៃការប្រែប្រួល ដែលចាំបាច់ត្រូវពង្រឹង និងបង្កើនសមត្ថភាព ប្រតិបត្តិការឱ្យបានប្រសើរឡើង ទាំងផ្នែកជំនាញ និងបច្ចេកវិទ្យា ព្រមទាំងរួមគ្នាយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ប្រសិទ្ធភាព ឱ្យកាន់តែប្រសើរ មានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតសិ្នទ្ធ រវាងការងារនៅថ្នាក់តំបន់ និងថ្នាក់ជាតិ។

លោករដ្ឋមន្ត្រី ក្នុងនាមប្រធានក្រុមប្រឹក្សា បានស្នើដល់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គឱ្យបន្តផ្តោត ការយកចិត្តទុកដាក់លើកិច្ចការ អាទិភាពមួយចំនួនដូចជា៖ ទី១) ការធ្វើឱ្យប្រសើរការតភ្ជាប់រវាងថ្នាក់ជាតិ និងតំបន់ និងការបន្តអភិវឌ្ឍ សមត្ថភាពនៅថ្នាក់ជាតិ ដើម្បីរួមចំណែក ធ្វើឱ្យការពិនិត្យតាមដាន និងការគ្រប់គ្រងអាងទន្លេ មានលក្ខណៈកាន់តែប្រសើរ ទី២) ភាពជាដៃគូល្អ ដើម្បីការពិនិត្យតាមដាន អាងទន្លេបានកាន់តែប្រសើរ ទី៣) ការពិនិត្យកិច្ចប្រតិបត្តិការឡើងវិញ និងការបន្តធ្វើឱ្យកាន់តែប្រសើរ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់លើតួនាទីកាន់តែសំខាន់ និងមានលក្ខណៈបុរេសកម្មរបស់គណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតថ្នាក់តំបន់ក្នុងបរិបទ នៃការផ្លាស់ប្តូរឥតឈប់ឈរ និងបញ្ហាប្រឈមដែលកើតមានឡើង ដើម្បីជួយប្រទេសជាសមាជិក និងធ្វើការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គទាំងអស់ រួមគ្នាដោះស្រាយហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ នៅតាមប្រទេសនីមួយៗ និងក្នុងអាងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយទឹកជំនន់តំបន់ បានបង្កើតឡើង ក្នុងឆ្នាំ២០០៦ និងបានប្តូរឈ្មោះ ជាមជ្ឈមណ្ឌលគ្រប់គ្រងទឹក ជំនន់និងភាពរាំងស្ងួត ថ្នាក់តំបន់ ក្នុងឆ្នាំ២០១៩ ។ មជ្ឈមណ្ឌលនេះមានភារកិច្ចពិនិត្យតាមដាន និងព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួតប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ព្រមទាំងផ្តល់នូវការព្យាករ និងការជូនដំណឹងជាមុនឱ្យបានទាន់ពេលវេលា និងមានសុក្រឹត្យភាព ដើម្បីត្រៀមបង្ការជាមុន និងការឆ្លើយតប ចំពោះហានិភ័យ ដែលអាចកើតមានឡើងប្រកបដោយប្រសិទ្ធភាព ដល់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មាន កម្ពុជា វៀតណាម ឡាវ ថៃ សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត និងការត្រៀមលក្ខណៈទុកជាមុន ៕












