ព័ត៌មានជាតិ

ក្រសួងការងារ ជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី១១ ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ចេញសេចក្ដីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី១១ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលឱ្យបានជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រនាពេលកន្លងមក។

ក្រសួង​ការងារ​បញ្ជាក់​ថា​ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ – ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។

ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង៥០ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក របស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូន កម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទើបទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជាពិសេសបងប្អូនកម្មករនិយោជិតជ្រាបជាព័ត៌មាន និង សូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះនៅតាមភ្នាក់ងារវីងនានា ដែលនៅជិតបំផុតបានទាន់ពេលវេលា៕

To Top