ព័ត៌មានជាតិ

ក្រុមហ៊ុន៧ទៀត បោះទុនជិត៣៣លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៧បន្ថែមទៀត បានសម្រេចបោះទុនជិត ៣៣លានដុល្លារ លើការវិនិយោគបង្កើតរោងចក្រ និងបង្កើតឱកាសការងាររាប់ពាន់កន្លែង ដល់ប្រជាពលរដ្ឋ នៅកម្ពុជា ។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ​ ដល់ក្រុមហ៊ុនទាំង៧ ដូចខាងក្រោម ៖

១- “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង ។

២- “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៤៥ កន្លែង។

៣- “ក្រុមហ៊ុន Star United Christmas Decoration Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៥៣៦ កន្លែង។

៤- “ក្រុមហ៊ុន CH Lighting Tree Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

៥- “ក្រុមហ៊ុន Kamelun Wood Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៦- “ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៤លានដុល្លារ និងអាច បង្កើតការងារបានចំនួន៣២០កន្លែង។

៧- “ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ១,២លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៣៣០កន្លែង ៕

To Top