ព័ត៌មានជាតិ

លោក ហង្ស ពុទ្ធា នឹងឈរឈ្មោះធ្វើជាសមាជិកគ.ជ.បបន្តទៀត

ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា បច្ចុប្បន្នជាសមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដែល​មានប្រភពមកពីអង្គការនិចហ្វិកដែលជាអង្គការចូលរួមតាមដានការបោះឆ្នោត បានសម្រេចដាក់ពាក្យធ្វើជាសមាជិកគ.ជ.បបន្តទៀតសម្រាប់អាណត្តិថ្មីនេះ ។

ក្រោយដាក់ពាក្យលាឈប់ពីអង្គការនិចហ្វិកកាលពីអំឡុងឆ្នាំ២០១៥ ហើយមកកាន់ការងារគ.ជ.ប គិតមកទល់ពេលនេះ របស់លោក ហង្ស ពុទ្ធា មានរយៈជិត១០ឆ្នាំហើយ។

សម្រាប់រយៈពេលនៃការងារជាអ្នកនាំពាក្យរបស់ គ.ជ.ប លោក ហង្ស ពុទ្ធាតែងតែមានទំនាក់ទំនងល្អជាមួយក្រុមអ្នកព័ត៌មាន ពោលរាល់ការទាក់ទងទៅលោកដើម្បីសួរនាំពីស្ថានជាតិរៀបចំការបោះឆ្នោតនេះ លោកស្វាគមន៍រាល់ពេល លើកលែងករណីខ្លះលោករវល់ ។

សម្រាប់ការជ្រើសតាំងសមាសភាពថ្មីរបស់គ.ជ.បនេះ បន្ទាប់ពីអាណត្តិទី៦ ពោល៥ឆ្នាំកន្លងមក ហើយក៏ស្របពេលរដ្ឋសភាមានតំណាងរាស្រ្តរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច៥អាសនៈ និងគណបក្សប្រជាជនកម្ពុជា១២០អាសនៈនៅក្នុងអាណត្តិទី៧នេះ ធ្វើឡើងតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលបានចែងថា គណបក្សដែលមានសំឡេងឆ្នោតច្រើនជាអ្នករៀបចំក្បាលម៉ាស៊ីនគ.ជ.ប។ លោក ហង្ស ពុទ្ធា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១ ធ្នូថា លោកបានបំពេញបែបបទដាក់ពាក្យធ្វើជាសមាជិកគ.ជ.បបន្តទៀតនេះ គឺធ្វើឡើងទៅតាមច្បាប់កំណត់ជាធរមាន។
លោកថា “ខ្ញុំដាក់ពាក្យជាសមាជិកទេ មិនមែនជាប្រធានគ.ជ.បទេ”។

ចំពោះសំណួរថា តើលោកប្រាជ្ញ ច័ន្ទ ឈរឈ្មោះជាប្រធានគ.ជ.បដដែលឬយ៉ាងណា? លោក ហង្ស ពុទ្ធាប្រាប់ថា មិនទាន់ដឹងទេ ព្រោះអ្វីដែលសមាជិកគ.ជ.បដាក់ពាក្យនេះ ទៅតាមការប្រកាសរបស់រដ្ឋសភាដែលមានភារកិច្ចជាអ្នកបោះឆ្នោតជ្រើសរើស សម្រាប់មនុស្ស១៨នាក់ ប៉ុន្តែរហូតមកដល់ពេលនេះ មានអ្នកដាក់តែ១២នាក់ប៉ុណ្ណោះ ដោយម្នាក់បានដាក់ពាក្យខុសលក្ខន្តិកៈ អីចឹងសរុបមានតែ១១នាក់ទេ ខណៈសមាជិកគ.ជ.បត្រូវការតែ៩នាក់ប៉ុណ្ណោះ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទាក់ទងទៅលោក ឡេង ប៉េងឡុងអ្នកនាំពាក្យរដ្ឋសភា ដើម្បីបញ្ជាក់បន្ថែមអំពីការជ្រើសរើសប្រធាន និងសមាជិកគ.ជ.បនេះ ប៉ុន្តែលោកអត់បានទទួលទូរស័ព្ទ ៕

To Top