ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទីស្តីការគណៈរដ្ឋមន្ត្រី ផ្ដល់ការសម្របសម្រួលដើម្បីឱ្យ គោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ទទួលបានជោគជ័យ ។
ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអំឡុង ពេលសម្តេចអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានចែកចាយ ក្រោយកិច្ចប្រជុំបានឲ្យដឹងថា “សេចក្តីព្រាងគោល នយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធ កម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការសម្រេចបាន នូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០”។
សូមរំលឹកថា សេចក្តីព្រាងគោល នយោបាយនេះត្រូវបានតាក់តែងឡើង ដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួម ពីតំណាងសមាគម សហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និង សាកលវិទ្យាល័យ វិទ្យាសាស្ត្រស្រាវជ្រាវ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា “សេចក្តីព្រាងគោលនយោបាយនេះ មានគោលដៅសំខាន់ ៣ រួមមាន៖ទី១-រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញា ឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ។ ទី២-ពង្រឹងនិង លើកកម្ពស់សមត្ថភាពមន្ត្រីនិងអង្គភាព ក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
និងទី៣-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហ- គ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។
តាមការបញ្ជាក់ គោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានគោលបំណងលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក កម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ និងជំរុញការ ប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើត ផលិតផលបច្ចេកវិទ្យា និង គំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា “នៅក្នុងដំណើរការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពី កម្មសិទ្ធិបញ្ញ ឆ្នាំ២០២៤-២០២៨ សម្ដេចធិបតី បានបញ្ជាក់ថា គោលនយោបាយជាតិនេះ ក៏ស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដែរ។ ដូច្នេះ សម្តេចធិបតី បានស្នើទីស្តីការគណៈរដ្ឋមន្ត្រី ផ្ដល់ការសម្របសម្រួលដើម្បីឱ្យ គោលនយោបាយនេះទទួលបានជោគជ័យ” ៕