ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យផ្ដើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាព នៅកន្លែងសាធារណៈ និងឯកជននានា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ (ការសម្របសម្រួល) សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព។

ផាសុកវត្ថុ គឺជាបច្ចេកវិទ្យាណាមួយដែលអាចប្រើបានដោយជនមានពិការភាពដោយគ្មាន ឬមានការសម្របសម្រួលតិចតួចបំផុត។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥ និងអន្តរជាតិលើកទី៤១ នៅទី៤ ធ្នូ សម្ដេចធិបតីបានផ្តល់អនុសាសន៍មួយចំនួន សម្រាប់បន្ដជំរុញ និងលើកកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាបន្ន និងសមធម៌ ដូចជា ៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

សម្ដេចធិបតីបន្ដថា គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបានទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក»។

សម្ដេចធិបតី មានប្រសាសន៍ថា «គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពី កិច្ចលើកកម្ពស់សិទ្ធិជនពិការ និងបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព»

សម្ដេចធិបតី បន្ថែមទៀតថា គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឲ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

សម្ដេចធិបតីឲ្យដឹងទៀតថា ក្នុងនោះក៏ត្រូវលើកទឹកចិត្តមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារបន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។ លើសពីនេះ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់ អាចទទួលព័ត៌មានបានទាន់ពេលវេលា។

សម្ដេចធិបតីថា សម្រាប់ក្រសួងសាធារណការ និងក្រសួងសុខាភិបាល ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឲ្យទទួលបានបណ្ណបើកបរស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរពាក់ព័ន្ធ និងវិស័យឯកជន បន្ដពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធដែលមានស្រាប់ និងបន្ដចូលរួមគំនិតផ្ដួតផ្ដើមបន្ថែមទៀត និងកិច្ចការពារ ព្រមទាំងលើកកម្ពស់សិទ្ធិជនពិការ៕

To Top