ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គម សម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាពដែលរដ្ឋចំណាយថវិកាជាង១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ១,៥លានគ្រួសារ។
នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥ និងអន្តរជាតិលើកទី៤១ នៅព្រឹកថ្ងៃ៤ ធ្នូ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីករបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និង ការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពកម្ពុជា។
សម្ដេចធិបតីបន្ដថា ជរដ្ឋាភិបាល ក៏មានចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្ម ស្មើភាពក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លែថ្នូរព្រមទាំងធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែកជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គម សម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាពដែលរដ្ឋបានចំណាយថវិកាអស់ជាង១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ»៕