ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តការងារ ក្នុងដែនសមត្ថកិច្ចខ្លួន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ផ្សេងៗដើម្បីអនុវត្តការងារកាន់តែល្អប្រសើរនាថ្ងៃ៤ ធ្នូបានណែនាំឲ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

លោកថា ក្នុងនោះក៏មានទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកាឲ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម ព្រមទាំងវះកាត់ឲ្យបានល្អ។

ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ឱសថលោករដ្ឋមន្រ្តីថា ត្រូវរៀបចំផែនការជាក់ស្តែងទៅតាមប្រភេទជំងឺដែលកើតមាននៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ព្រមទាំងស្រង់ប្រភេទជំងឺនៃការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមតម្រូវការជាក់ស្តែង ហើយចំពោះតម្រូវការបុគ្គលិកនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវពិនិត្យ និងសិក្សាអំពីតម្រូវការតាមជំនាញ និងចំនួនឲ្យបានច្បាស់លាស់ មុននឹងរៀបចំផែនការស្នើសុំ។

ដើម្បីឲ្យការអនុវត្តការងារកាន់តែល្អប្រសើរក្នុងនោះ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្ដោតទៅលើការពង្រឹងវត្តមានមន្ត្រីរាជការ ហើយប្រធានអង្គភាពត្រូវចុះសួរសុខទុក្ខមន្ត្រីរាជការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានញឹកញាប់ ដើម្បីធ្វើការគាំទ្រ លើកទឹកចិត្ត និងបង្កើតមនោសញ្ចេតនាដោយទុកដូចជាកូនជាចៅ។ បន្ថែមលើសពីនេះរាល់ការបម្រើសេវាទាំងថ្នាក់កណ្តាល និងរាជធានី-ខេត្ត ធ្វើយ៉ាងណាឲ្យល្អប្រសើរស្របតាមគោលការណ៍ក្នុងការផ្តល់សេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ឱ្យបានឆាប់រហ័ស រួសរាយរាក់ទាក់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌៕

To Top