ព័ត៌មានជាតិ

សម្ដេចធិបតី ៖ យើងមិនអាច បន្ថយភាពក្រីក្រ ដល់ចំណុចសូន្យភាគរយទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនទាន់អាចឈានទៅដល់ការកាត់បន្ថយ នៃភាពក្រីក្រ ទៅដល់ចំណុចសូន្យភាគរយនោះទេ ហើយក៏មិនអាចធានបានថា ពិភពលោក នឹងមិនមានអ្វីប្រែប្រួល ធ្វើឲ្យប៉ះពាល់ដល់ជីវភាពសង្គម។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ច គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃ៥ វិច្ឆិកា សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល ទទួលស្គាល់ប្រជាពលរដ្ឋក្រីក្រនៅតែមាន ព្រោះ ជាក់ស្តែងក្នុងរយៈពេល៤ឆ្នាំមកនេះ ពិភពលោកបានជួបប្រទះបញ្ហាផ្ទួនៗ ក្នុងនោះ វិបត្តិជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអឺរ៉ុប ក៏ដូចជា នៅមជ្ឈឹមបូព៌ា និងនៅកន្លែងផ្សេងទៀត។

សម្តេចធិបតីបន្តថា វិបត្តិដែលកើតឡើងនោះ សូម្បីតែក្នុងប្រទេសអាស៊ានក៏មានដែរ ហើយក្រៅពីនោះ វិបត្តិជួបប្រឈមគឺអតិផរណា នៃសេដ្ឋកិច្ចពិភពលោក ក៏បានប៉ះពាល់ដល់កម្ពុជាផងដែរ ដោយសារតែសេដ្ឋកិច្ចកម្ពុជា មិនស្ថិតក្នុងជាសេដ្ឋកិច្ចឯកកោនោះទេ គឺកម្ពុជាបានភ្ជាប់ការធ្វើសមាហរណ៍កម្មសេដ្ឋកិច្ចជាមួយពិភពលោក។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល នឹងបន្តធ្វើការគាំពារសង្គម ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅតែបន្ត ដើម្បីធ្វើយ៉ាងណាធានាឲ្យមានប្រសិទ្ធភាព និងសុគង្កត់ភាព និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល ជាពិសេសប្រជាពលរដ្ឋត្រូវការជំនួយសង្គម។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «យើងមិនទាន់អាចកាត់បន្ថយនៃភាពក្រីក្រទៅចំណុចសូន្យភាគរយនោះទេ ហើយក៏មិនអាចធានបានពិភពលោក និងមិនមែនមានអ្វីប្រែប្រួលធ្វើឲ្យប៉ះពាល់ដល់ជីវភាពសង្គមនោះទេ។ មិនមានអ្នកណាធ្វើបានទេ ហើយបើសិនពិភពលោកអាចធានាបានថាមិនមែនទឹកជំនន់ មិនមែនវិបត្តិសង្គ្រាម និងបញ្ហាផ្សេងៗប៉ះពាល់ដល់ជីវភាពសង្គមបាន នោះយើងអាចធ្វើផែនការបាន ប៉ុន្តែយ៉ាងណា យើងនៅតែគិតពីអភិក្រមដើម្បីជួយប្រជាពលរដ្ឋឲ្យទាន់ពេល»៕

To Top