ព័ត៌មានជាតិ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

រូបភាព៖ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែ​​ ទម្រង់ដើម្បីប្រសិទ្ធភាពការងារ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំងការរៀបចំក្រុមការងារ ដោយមានសមាសភាព ដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការ ជាមួយស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាព ទាំងទម្រង់ និងទាំងជម្រៅខ្លឹមសារ នៃការងាររៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាការងារសិក្សាស្រាវជ្រាវ លើប្រធានបទផ្សេងៗ ដើម្បីជាគុណប្រយោជន៍ សម្រាប់ការតាក់តែង និងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាការកែទម្រង់របស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ ក.ស.វ. ឱ្យសម្រួចលើការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ទាំងកម្រិតម៉ាក្រូ កម្រិតវិស័យ និងកម្រិតមីក្រូ លើបញ្ហារចនាសម្ព័ន្ធ ដោយផ្តោតការគិតគូរជាពិសេស ទៅលើបរិយាកាសធុរកិច្ច បញ្ហាជំនាញ និងការទាក់ទាញការវិនិយោគបរទេស ហើយត្រូវផ្សព្វផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាវអនុវត្តខាងលើឱ្យបានទូលំទូលាយ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានជំរុញការរៀបចំ និងអនុវត្តគម្រោងសហគមន៍ អ្នកស្រាវជ្រាវនៅកម្ពុជា ឱ្យបានឆាប់។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការឡើងវិញ នូវគម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment-RIA) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការវាយតម្លៃ លើផលប៉ះពាល់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ មកលើដំណើរអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសមកលើធុរកិច្ច ការវិនិយោគ និងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនដោយផ្តោតលើការបន្ថយចំណាយអនុលោមភាព (Compliance Cost) និងបន្ទុកដល់ធុរកិច្ច និងការវិនិយោគ ព្រមទាំងផលប៉ះពាល់អវិជ្ជមានមកលើភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន និងសង្គមទាំងមូល តាមរយៈការធ្វើស្ថាប័នភាវូបនីយកម្ម នៃការត្រួតពិនិត្យការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅតាមអង្គភាពនីតិកម្ម របស់ក្រសួងស្ថាប័ននានា ហើយទីស្តីគណៈរដ្ឋមន្ត្រីបំពេញតួនាទី ជាអ្នកសម្របសម្រួល និងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការគាំទ្រ។

លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ដល់ថ្នាក់ដឹកនាំនៃ ក.ស.វ. ដើម្បីពង្រឹងប្រព័ន្ធការងារ និងការប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស តាមរយៈការរៀបចំផែនការ អភិវឌ្ឍស្ថាប័ន និងផែនការយុទ្ធសាស្រ្តរបស់ ក.ស.វ.។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានមានប្រសាសន៏ផ្តល់ការលើកទឹកចិត្ត ឱ្យប្រើប្រាស់ធនធានមនុស្សដែល មានស្រាប់ឱ្យអស់លទ្ធភាព ទន្ទឹមនឹងការកៀគរបញ្ញាវន្តដែលមានជំនាញបច្ចេកទេសកម្រ និងកម្រិតខ្ពស់ ទាំងពីក្នុង និងក្រៅប្រទេស ដើម្បីឱ្យ ក.ស.វ. អាចបំពេញនូវតួនាទីរបស់ខ្លួនជាធនាគារខួរក្បាលមួយ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព៕

To Top