ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាត្រូវដាក់ឱ្យអនុវត្ត ជាបន្ទាន់ក្នុងឆ្នាំ ២០២៣ បានក្លាយជាការពិតអស់ហើយ នៅមុនដំណាច់ឆ្នាំ។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី៥ ធ្នូ អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយ ការសន្យាឱ្យក្លាយជាការពិតទាំងអស់ និងយ៉ាងលឿនរហ័ស។
អ្នកនាំពាក្យ រៀបរាប់ថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនោះជារួមមាន៖
ទី១៖ ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសាកល។
ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រនិងងាយរងហានីភ័យ។
ទី៣៖ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម។
ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទី៥៖ យន្តការសម្របសសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ។
ទី៦៖ ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។
អ្នកនាំពាក្យ បន្ដថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីព្រឹកថ្ងៃទី ៤ ធ្នូនេះជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ ដោយផ្តោតលើគ្រួសារគោលដៅចំនួន៤គឺ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីអាហារូបករណ៍ សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា។ កម្មវិធីឧបត្ថមសាច់ប្រាក់ជូន ជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនចាស់ជរាអាយុ ៦០ ឆ្នាំឡើង។ ចំណែកឯកម្មវិធី ៥ ផ្សេងទៀតត្រូវបានប្រកាស ឱ្យអនុវត្តរួចរាល់អស់ហើយ។
បើតាមលោក ប៉ែន បូណា គោលដៅចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បានគឺមិនទុកឱ្យពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាល ដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា, មិនទុកឱ្យកូនអ្នកក្រ ខ្វះជំនាញវិជ្ជាជីវៈ ដោយសារតែគ្មានលុយបង់ថ្លៃសាលា, មិនទុកឱ្យពលរដ្ឋពលរដ្ឋណាម្នាក់ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារក្រោមពីរឆ្នាំ ជនមានពិការភាព និងចាស់ជរា ជួបការលំបាកហើយរដ្ឋមិនបានជួយ, មិនផាត់ចោលអ្នកប្រកបរបរ ក្រៅប្រព័ ន្ធចេញពីការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល, និងមិនទុកឱ្យកសិករជួបការលំបាកនៅក្នុងការប្រកបរបរកសិកម្មដោយមិនទទួលបានការគាំពារនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា នេះជាដំណើរយ៉ាងស្វាហាប់ នៃរាជរដ្ឋាភិបាល បន្តវេន នៅលើគ្រឹះដ៏រឹងមាំ នៃសមិទ្ធផលដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ ២០៥០ ដើម្បីក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ប្រកបដោយ ភាពប្រាកដនិយម និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕