ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ដើម្បីចូលរួមកាត់បន្ថយប្រើប្លាស្ទិក នៅកម្ពុជា

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រកាសលើកទឹកចិត្ត ផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀននីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នមកគ្រូ បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទូលំទូលាយ នៅទូទាំងប្រទេស។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីជួបសំណេះសំណាល ជាមួយ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋ បានចូលរួមបន្តអនុវត្តនូវយុទ្ធនាការ បានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» ។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ទាំងអស់គ្នា ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះ បានជាទៀងទាត់ នោះនឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឲ្យកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត “កម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា” ។

សូមបញ្ជាក់ថា លោក អ៊ាង សុផល្លែត ក៏បានលើកឡើងពីការផ្តល់ធុងសំរាម ចំនួន២ធុង ចាប់ផ្តើមពីថ្ងៃនេះ ជូនសាលារៀនដំបូងនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យមានការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមយុទ្ធនាការយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កាន់តែមានប្រសិទ្ធភាព។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីសាលារៀននៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣។ រហូតដល់ ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការ បានជំរុញឲ្យមានអ្នកចូលរួមដោយផ្ទាល់ សរុបចំនួន ៣,៣១៧,៥៩៤នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួន ១១៨,១៣២នាក់ សិស្សានុសិស្សសរុបចំនួន ២,៩៧៦,០០៥នាក់ នៅតាមសាលារៀនសរុបចំនួន ៧,១៤០សាលា កម្មករ កម្មការិនី និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៥៧៨,០៦៦នាក់ ដោយផ្សព្វផ្សាយ តាមរោងចក្រសហគ្រាសចំនួន ១៨៧ ការចួមពីវត្តអារាម ២៩ និងសហគមន៍ ទីប្រជុំជន ៧៤ចំនួន កន្លែង នៅទូទាំងកម្ពុជា៕

To Top