ព័ត៌មានជាតិ

១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបានជាង ៤ ៩០០លានដុល្លារ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល (ប្រមាណជាង ៤៩០០លានដុល្លារ) ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦ ០៤២ ប៊ីលានរៀល (ប្រមាណ ៦៣៥០លានដុល្លារ) ស្មើនឹង ៧៤.៩៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ជាលទ្ធផល ការអនុវត្តថវិកាថ្នាក់ជាតិ មានឱនភាពសរុប ៥ ៨៨១ ប៊ីលានរៀល (ប្រមាណ១៤០០លានដុល្លារ)»។

ក្រសួង បន្ដថា ការអនុវត្តចំណូលសារពើពន្ធសម្រេចបាន ១៨ ១៤១ ប៊ីលានរៀល (ប្រមាណ៤៤០០លានដុល្លារ) ស្មើនឹង ៧៧.៤៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ថយចុះ ៤.២០% និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ១ ៩៨៦ ប៊ីលានរៀល (ប្រមាណ៤៨០លានដុល្លារ) ស្មើនឹង ៩២.៧២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ២៤.០៨%។ ផ្អែកលើនិន្នាការនៃការអនុវត្តចំណូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គម សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

ក្រសួង បន្ថែមថា ការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦០៤២ ប៊ីលានរៀល ស្មើនឹង ៧៤.៩៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ១៩.៤៩%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះចំណាយមូលធន សម្រេចបាន ៨ ៩២៧ប៊ីលានរៀលកើនឡើង ១២.៣២% និងចំណាយចរន្តសម្រេចបាន ១៧ ១១៥ ប៊ីលានរៀល កើនឡើង ២៣.៦០%។ ក្រសួង បានគូសបញ្ជាក់ថា ជារួមការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្ត ឲ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាពបំផុតនិងផ្តល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការ នៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។ ជាក់ស្តែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេចបាន ៤ ៩៨០ប៊ីលានរៀល ស្មើនឹង ៧៧.៧១% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងការអនុវត្តហិរញ្ញប្បទានក្នុងស្រុកសរុបថ្នាក់ជាតិ សម្រេចបាន ៤ ១៩៧ប៊ីលានរៀល ស្មើនឹង៥៤.២៩% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាល សរុបមានប្រមាណ ៤៧ ប៊ីលានរៀល៕

To Top