ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្នុងក្រសួង អភិវឌ្ឍន៍ជនបទ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ ជនបទ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ចំនួន៧ចំណុច ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបំពេញការងារ ។

អនុសាសន៍ទាំង៧ រួមមានខ្លឹមសារ ដូចខាងក្រោម៖

១/ ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការលើក និងអនុវត្តគម្រោងអាទិភាព ត្រូវផ្ដោតលើតម្រូវជាក់ស្ដែងរបស់ប្រជាជន និងតំបន់មានសក្ដានុពសេដ្ឋកិច្ច ដែលជួយដល់ការលើកម្ពស់ជីវភាពរបស់ប្រជាជន។

២/ ត្រូវចាត់ទុកខ្លួនឯង ជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ដោយខិតខំអនុវត្តការងារឱ្យអស់ ពីកម្លាំងកាយចិត្ត និងសមត្ថភាព និងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

៣/ត្រូវឆ្លើយតបនឹងតម្រូវការ និងសំណូមពរបន្ទាន់របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ក្នុងនាមជាមន្ដ្រីបម្រើប្រជាជន ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាជនឡើយ។

៤/ ត្រូវបន្ដកែទម្រង់ឱ្យកាន់តែល្អប្រសើរ ជាងមុន ដែលជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់គ្នា ដោយអនុវត្តតាមអភិក្រមបុរេសកម្ម ផ្លាស់ប្ដូរ និងចាប់យកនូវផ្នត់គំនិតជឿនលឿន ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

៥/ ត្រូវចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល, ខិតខំកសាងស្នាដៃ ឱ្យបានច្រើន, ជាពិសេសត្រូវបន្ដអនុវត្តអភិក្រម៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។

៦/ ត្រូវចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ តាមរយៈការគោរពតាមសម្លេងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

៧/ត្រូវយកចិត្តទុកដាក់មន្ដ្រីតាមរយៈការលើកទឹកចិត្តគ្រប់រូបភាព, បង្កើនភាពស្និទ្ធស្នាល, លុបបំបាត់បក្ខពួកនិយម និងគ្រួសារនិយម។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងពេញលេញ ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ ។

តាមរយៈកិច្ចប្រជុំរយៈពេល ០៣ ថ្ងៃនេះ កិច្ចប្រជុំបានដំណើរ ការទៅក្នុងទិដ្ឋភាព ២ គឺ (១).ការធ្វើបទបង្ហាញស្ដី ពីការបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និង (២). បង្ហាញស្ដីពីការវិភាគ SWOT សម្រាប់កម្មវិធីអាទិភាពទាំង ៤ និងអនុកម្មវិធីនានា របស់ក្រសួង ព្រមទាំងការដាក់ចេញជាវិធានការដោះស្រាយ និងការលើកទិសដៅការងារ ដែលជាធាតុចូលដ៏សំខាន់ ដើម្បីកំណត់ជាសូចនាករច្បាស់លាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ដ្រ និងកម្មវិធីអាទិភាពឆ្នាំ២០២៤ -២០២៨ ដោយឡែកសម្រាប់ឆ្នាំ២០២៤ របស់ក្រសួង ដើម្បីចូលរួមអនុវត្ត ឱ្យសម្រេចបានជោគជ័យ នូវយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកប ដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕

To Top