ភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក KIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ ២BO-០០៤៨ ដែលដឹកស៊ុតសត្វមាន់ចំនួន៥០ ០០០គ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧០ ០០០គ្រាប់ ដោយនាំមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ការដឹកចេញពីវៀតណាម តាមច្រកខាងលើនេះ ក្នុងគោលបំណងឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានក្រុមការងារឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខសាលាសង្កាត់វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
អគ្គនាយកដ្ឋានសុខភាពសត្វបន្តថា ការនាំចូលមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោងនេះ គឺគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានរថយន្ត ស៊ុតសត្វមាន់ និងស៊ុតគ្រួចជាង១០២,០០០គ្រាប់នេះ “ត្រូវបានយកទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់” ៕