ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា លើកទឹកចិត្ត ICRC ប្រចាំកម្ពុជា បន្តសហប្រតិបត្តិការ ដែលមានស្រាប់ ជាមួយក្រសួង សុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកទឹកចិត្ត គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយ ក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាព ជាសកល ស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

នេះជាការលើកឡើង របស់លោករដ្ឋមន្រ្តី ក្នុងជំនួបជាមួយ លោកស្រី Dena Fisher ប្រធានបេសកកម្ម គណៈកម្មាធិការកាកបាទក្រហម អន្តរជាតិប្រចាំកម្ពុជា (ICRC) និង ក្រុមការងារ នាថ្ងៃ៦ ធ្នូ។

បើតាមសាស្ត្រាចារ្យរដ្ឋមន្ត្រី គណៈកម្មាធិការកាកបាទក្រហម អន្តរជាតិ បានសហការគាំទ្រ និងរួមចំណែកលើកកំពស់ សេវាសុខាភិបាលនៅកម្ពុជា ដែលបានផ្តល់ សេវាថែទាំ សុខភាពដល់ជនជាប់ឃុំ និងពង្រឹងទំនាក់ទំនង ជាមួយប្រព័ន្ធសេវា ថែទាំសុខភាពសាធារណៈ។  

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសសើរចំពោះគម្រោងពីរ ដែលក្រសួងសុខាភិបាល នឹងបន្តគាំទ្រសហការជាមួយ ICRC និងបានថ្លែងអំណរគុណICRC ដែលបានរួម ចំណែកជាមួយក្រសួង សុខាភិបាល ឆ្លើយតប និងទប់ស្កាត់ការឆ្លងរាតត្បាត នៃកូវីដ-១៩ នៅតាមពន្ធនាគារ បានយ៉ាងមាន ប្រសិទ្ធភាព និងទាន់ពេលវេលាបំផុត។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្រ រួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ នៃរាជរដ្ឋាភិបាល ។

ជាការឆ្លើយតប លោកស្រី Dena Fisher បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ។

លោកស្រីក៏លើកឡើងអំពីវឌ្ឍនភាពកិច្ច សហប្រតិបត្តិការជាមួយ ភាគីកម្ពុជា ជាពិសេសគម្រោងជំនួយ កម្មវិធីស្តារលទ្ធភាពពលកម្ម កាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តមួយចំនួន និងកម្មវិធីសុខភាពពន្ធនាគារ ៕

To Top