ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន លើកទឹកចិត្តពលរដ្ឋ ដាំដើមត្នោតដែលជា រុក្ខតំណាងជាតិកម្ពុជា

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញយុទ្ធនាការ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឲ្យបានជាង ៦០% នៅឆ្នាំ២០៥០។

ប្រសាសន៍របស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅថ្ងៃ៦ ធ្នូ ។

ការលើកទឹកចិត្តឲ្យពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរជាតិ អន្តរជាតិ អំពីមរតកដ៏មានតម្លៃ ពីសម័យអតីតកាល និងការធ្វើទំនើបកម្មក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោតឲ្យផ្តល់ជាប្រយោជន៍ ដល់ពលរដ្ឋកម្ពុជាគ្រប់រូប។

ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។ ស្ករត្នោតដែលបានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារ ដែលផ្តល់ថាមពលជួយដល់សុខភាព។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ។ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម ។ លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើន បានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ការរៀបចំទីតាំងដាំត្នោត ត្រូវតែមានការច្នៃប្រឌិត ។ ជាក់ស្តែង ដើម្បីងាយស្រួល ក្នុងការប្រមូលផលថែមទៀត នោះគឺយើងដាំជាជួរ ដោយមានគម្លាត ៤ម៉ែត្រ ១ដើម ឡើងតែ១ដើម អាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺអាចជួយប្រជាពលរដ្ឋ រកចំណូលបានកាន់តែល្អប្រសើរ។ លើសពីនេះ សោភ័ណភាព នៃការដាំជួយឲ្យមានភាពទាក់ទាញ ។ ភ្ញៀវទេសចរបរទេស ជួយជីវភាពរស់នៅរបស់ពលរដ្ឋផ្សារ ភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ» ៕

To Top