ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំ របាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញ សេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំ របាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ (UN) ។

តាមរយៈសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៦ ធ្នូ បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួង ដឹកនាំការងារនេះ មានទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៤១រូប ។

ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចដឹកនាំធ្វើសេចក្តីព្រាង របាយការណ៍ជាតិ ស្តីពីការអនុវត្តសន្ធិសញ្ញា ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ មានជាអាទិ៍ របាយការណ៍ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) របាយការណ៍ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ (ICESCR) របាយការណ៍ស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើង ពូជសាសន៍ (CERD) របាយការណ៍ ស្តីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ (CED) របាយការណ៍ស្តីពីការពិនិត្យ ជាសកលតាមកាលកំណត់ (UPR) និងរបាយការណ៍ផ្សេងៗទៀត ដែលអង្គការសហប្រជាជាតិ ស្នើសុំសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចមុននឹងរៀបចំ បញ្ជូនទៅអង្គការសហប្រជាជាតិ។

ក្នុងនោះក៏ពិនិត្យ និង លើកយោបល់ជូនរាជរដ្ឋាភិបាល លើសេចក្តីព្រាងរបាយការណ៍នានា របស់អង្គការសហប្រជាជាតិ ដូចជារបាយការណ៍ របស់ការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា របាយការណ៍ របស់អ្នកតំណាងពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ រួមទាំងរបាយការណ៍ របស់អ្នកតំណាងផ្សេងៗទៀត នៃអង្គភាពសន្ធិសញ្ញា របស់អង្គការសហប្រជាជាតិ ដែលបានដាក់ជូនរាជរដ្ឋាភិបាល ។

ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀត ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស តាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល ៕

To Top