ព័ត៌មានជាតិ

ប្រមុខការពារជាតិខ្មែរ ប្ដេជ្ញាបន្តបង្កើន ការចូលរួមរបស់ស្ត្រី នៅគ្រប់តំបន់បេសកកម្ម ពិសេសតួនាទីជា នាយទាហានសេនាធិការ

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ លើកទី៧ នៅសាធារណរដ្ឋហ្គាណា នាថ្ងៃទី៦ ធ្នូ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានប្ដេជ្ញាបន្តបង្កើន ការចូលរួមរបស់ស្ត្រីឲ្យបាន ២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងនៅទីបញ្ជាការ ពិសេសតួនាទី ជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ។

ក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា យុទ្ធសាស្រ្ត ក្នុងការប្រាស្រ័យទាក់ទង គឺជាបុរេសកម្ម និងជាយន្តការ ដ៏មានសារៈសំខាន់ ក្នុងការការពារ ការសម្របសម្រួល និងជាដំណោះស្រាយ នៃជម្លោះផងដែរ ។ ទន្ទឹមនឹងនេះ សមត្ថភាពស្រ្តីក្នុងឯកសណ្ឋាន ក៏បាននឹងកំពុងចូល រួមចំណែកធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស្ថេរភាព ក្នុងតំបន់បេសកកម្ម ។ ម្យ៉ាងវិញទៀត ការផ្តល់សេវាថែទាំ សុខុមាលភាពផ្លូវចិត្ត គឺជាកក្តាចាំបាច់ក្នុងការពង្រឹងស្មារតី ទទួលខុសត្រូវ ឱ្យបានពេញលេញដល់គ្រប់កម្លាំង រក្សាសន្តិភាពផងដែរ។

លោកនាយឧត្តមសេនីយ៍បន្ថែមថា ការវិវត្តនៃស្ថានការណ៍សន្តិសុខក្នុងគ្រប់តំបន់បេសកកម្ម ទាមទារឲ្យកម្លាំងរក្សាសន្តិភាពទាំងមូល ទាំងកម្លាំងត្រៀមបម្រុង ទាំងកម្លាំងកំពុងបំពេញ បេសកកម្ម ធ្វើនវានុវត្តន៍ជាប្រចាំ ដើម្បីឆ្លើយតបទាន់ពេល និងចំគោលដៅ នៃបញ្ហាចាក់ស្រេះ នៅតាមតំបន់បេសកកម្ម ប្រកបដោយបរិយាប័ន្ន ។

ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ ជាតឹកតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដោយបានលើកឡើងថា “កម្ពុជាបន្តបរិច្ចាគដល់ស្ថេរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាព សម្រាប់គ្រប់មនុស្សជាតិ”។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាផ្តល់តម្លៃខ្ពស់ សន្តិភាព និងមិនគាំទ្រសង្រ្គាមឡើយ ។

ដើម្បីបន្តចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង នៃកំណែទម្រង់ប្រតិបត្តិការសន្តិភាព នាយឧត្តមសេនីយ៍ ទៀ សីហា បន្តប្តេជ្ញាពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហឹង្សា និងការជួញដូរផ្លូវភេទ ។ លោកនាយកឧត្ដមសេនយ៍ ក៏បានបេជ្ញាបង្កើន ទំនាក់ទំនងជាមួយបណ្តាប្រទេស បរិច្ចាគកងកម្លាំង ក្នុងតំបន់ បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ជាពិសេស ការព្រួតដៃគ្នា ជាមួយបណ្តាប្រទេស បរិច្ចាគកងកម្លាំង ដោយធ្វើការចែករំលែកបទពិសោធន៍ទាំងក្នុងប្រទេស និងគ្រប់តំបន់បេសកកម្ម ។

ជាមួយគ្នានោះ ដើម្បីឆ្លុះបញ្ចាំងអំពីការរួមចំណែក ដ៏សកម្មរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រកាសបន្តការប្តេជ្ញាចិត្ត ដាក់កម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេច UNPCRS រួមមាន ១កងអនុសេនាធំវិស្វកម្មពហុជំនាញ ១កងរាជអាវុធហត្ថ
១កងកម្ទេចគ្រឿងផ្ទុះ/បោសសំអាតមីន និង១កងស្ពានបណ្តែតទឹកនិងលើគោក ៕

To Top