ព័ត៌មានជាតិ

សម្ដេចធិបតី ជំរុញក្រុមហ៊ុនចិន បន្ដនាំយកបច្ចេកវិទ្យាទំនើប ដើម្បីចូលរួមចំណែក ក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនចិន បន្តនាំយក នូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកក្នុង វិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រ ដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាព សាធារណៈនៅកម្ពុជា។

សម្ដេចធិបតី លើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួននៅកម្ពុជា រួមមាន ៖ ខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាព ក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើ ទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើត វិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។

មួយវិញទៀត លោកប្រធាន ក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូនសម្តេច នាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវ បច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានា របស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការ អភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈ គម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន ។

សម្តេចធិបតីបានគូសបញ្ជាក់ថា «គាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឲ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាព សាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្ត ឲ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាព ក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម»៕

To Top