ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ គឺជាការបង្ហាញនូវមោទកភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរ ដ៏ចំណាស់មួយ ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីចូលរួម ពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ។
ពិធីក៏មានវត្តមានសម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាច្រើនរយនាក់ ។
ក្នុងឱកាសនោះលោកស្រី ពេជ ចន្ទមុន្នី ក៏បានរំលេចនូវគុណូបការៈរបស់បុព្វបុរសសម័យដើម ដែលបានកសាងនូវប្រាង្គប្រាសាទ កសាងប្រវត្តិសាស្រ្តជាដើម ស្របតាមពាក្យស្លោកខ្មែរ ដែលតែងពោលថា ផឹកទឹកឲ្យនឹកដល់ប្រភព។
លោកស្រីបណ្ឌិតបញ្ជាក់ថា «ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទកភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរ ដ៏ចំណាស់មួយ» ។
លោកស្រីបន្តថា ពិធីនេះបានរួមចំណែកដល់ ការផ្សព្វផ្សាយបន្ថែម នូវសក្កានុពលវប្បធម៌ និងទេសចរណ៍កម្ពុជា ដែលអ្នកទេសចរអាចបន្តមើលឃើញសក្ខីកម្ម ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ប្រកបដោយទេពកោសល្យខ្ពស់ ។
ជាមួយគ្នានោះលោកស្រី ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍ រំលឹកគុណអង្គរធ្វើឡើង ក្នុងគោលបំណង ពីរសំខាន់ៗ ពោលដើម្បីអបអរសាទរ ខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត ។
លោកស្រីថា ពិធីនេះក៏ឧទ្ទិសផងដែរ ចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង ៕