ព័ត៌មានជាតិ

លោក កើត រិទ្ធ ៖ ក្រសួងកំពុងរៀបចំ ដាក់ចេញវិធានការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌កម្ពុជា

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់អ្នករាយការណ៍ពិសេសUNថា ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញវិធានការនានាដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោក ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងបែបនេះ នាឱកាសអញ្ជើញទទួលជួប លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីពិភាក្សាការងារ កាលពីថ្ងៃទី៦ ធ្នូ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនលោក វិទិត មុនតាប៊ន អំពីការងារអាទិភាព ដែលក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញ វិធានការ​នានាដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលការងារនេះ គឺជាវិធានការគន្លឹះជាអាទិភាពមួយក្នុងចំណោមវិធានការគន្លឹះទាំង ៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយឱ្យសម្រេចជាលទ្ធផលក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។

លោក វិទិត មុនតាប៊ន បានសម្តែងនូវការស្វាគមន៍ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើនាពេលកន្លងមក និងបានសម្តែងនូវការគាំទ្រចំពោះការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលក្រសួងបាននឹងកំពុងរៀបចំដាក់ចេញនេះ ជាពិសេស ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

To Top