ភ្នំពេញ ៖ សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបជុំតវ៉ានៅកម្ពុជា ដោយមិនមានការសហការ និងអនុញ្ញាតពីអាជ្ញាធរ ហើយបង្កចលាចល ឬបង្កអសន្តិសុខនោះ គឺមិនមែនជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ។ នេះបើតាមពីលោក ប៉ា ប៉ុណ្ណារ៉ាដា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ការបញ្ជាក់របស់អ្នកនាំពាក្យបែបនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃ៧ ធ្នូ ។
លោក ប៉ា ប៉ុណ្ណារ៉ាដា មានប្រសាសន៍ថា «ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច ដោយគោរពនូវវិធានការច្បាប់ សុវត្ថិភាពសុខភាពសាធារណៈ គឺជាការអនុវត្តនូវសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់យើងផងដែរ»។
លោកថា រាជរដ្ឋាភិបាលតែងតែរៀបចំវេទិកាសាធារណៈ ដើម្បីឲ្យពលរដ្ឋបានបញ្ចេញមតិ និងបង្ហាញកង្វល់ផ្សេងៗ ដែលចំណុចនេះ ជាការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ។
ក្នុងឱកាសនោះដែរ មន្រ្តីសិទ្ធិមនុស្សរូបនេះបញ្ជាក់បន្ថែមថា «ប៉ុន្តែប្រសិនបើការជួបជុំតវ៉ា សម្តែងមតិ ដោយមិនមានការសហការ ដោយមិនមានការជូនដំណឹងដល់អាជ្ញាធរ ហើយប៉ះពាល់ទៅដល់វិធានការ សន្តិសុខសាធារណៈ បង្កហិង្សាបង្កចលាចល នេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែជាអំពើល្មើសច្បាប់ទៅវិញ ហើយសមត្ថកិច្ចត្រូវតែមានវិធានការដើម្បីទប់ស្កាត់»។
លោកបន្ថែមទៀតថា ការបញ្ចេញមតិដោយបំផ្លើស បំភ្លៃ លើព័ត៌មានមិនពិត មានចេតនាទុច្ចរិត បង្កចលាចលដល់សន្តិសុខជាតិ ក៏ជាបទល្មើសដែរ។
ចំណែក លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានឲ្យដឹងដែរថា សន្តិភាពគឺជាការធានារ៉ាប់រងសិទ្ធិជាមូលដ្ឋាន បើអត់មានសន្តិភាព សិទ្ធិរស់រានមានជីវិតក៏ផុយស្រួយ។ លោកបញ្ជាក់ដូច្នេះថា «សន្តិភាពនេះ ជាការធានារ៉ាប់រងសិទ្ធិជាមូលដ្ឋានរបស់យើង គឺសិទ្ធិរស់រានមានជីវិត ព្រោះថាបើសិនជាយើងអត់មានសន្តិភាព សិទ្ធិរស់រានមានជីវិតរបស់យើងក៏ផុយស្រួយ»។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា សន្តិភាព ត្រូវបានចាត់ទុកជារបស់សំខាន់សម្រាប់កម្ពុជា ដូច្នេះបេសកកម្មរបស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ គឺជាការផ្តល់ជូនពលរដ្ឋខ្មែរនូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិផ្សេងៗទៀត ដែលជាសិទ្ធិចាំបាច់ក្នុងការរក្សាអាយុជីវិតប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្តីលោក ប៉ែន បូណាអះអាងថា «នៅពេលដែលយើងនិយាយពីការអភិវឌ្ឍប្រទេសគ្រប់បែបយ៉ាងនេះ គឺដើម្បីការស់នៅសេចក្តីថ្លៃថ្នូរ ភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋខ្មែរ ហ្នឹងហើយជាបេសកកម្មសិទ្ធិមនុស្ស»៕