សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសនេះ ពលរដ្ឋជាង ៤ពាន់គ្រួសារ នឹងទទួលបានបណ្ណកម្មសិទ្ធិ ដែលបានរៀបចំរួចរាល់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
សូមរំលឹកថា យោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានឲ្យដឹងថា គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហាសំណង់លំនៅឋានមិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង បាននិងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ ផ្ទៃដីសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្តូរទីលំនៅ ចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២.៤៥៦ហិកតា ស្មើ ២០.៩៥២ឡូត៍ ក្នុងនោះ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ទំហំ ១.០៤៦ហិកតា ស្មើ ៦.៩៩៤ឡូត៍ និងនៅតំបន់ពាក់ស្នែង ទំហំ ១, ៤១០ហិកតា ស្មើ ១៤.៩៤៧ឡូត៍ ។
ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅ ចេញពីតំបន់រមណីយដ្ឋានអង្គរ តំបន់១ មានចំនួន ៤៥៤៥ ក្បាលដី និងតំបន់២ មានចំនួន ១ ៨៦៥ ក្បាលដី ក្នុងនោះ ប្រជាពលរដ្ឋទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៥ ៨៦៥ គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ចំនួន ៤ ០៣២ គ្រួសារ សរុបចំនួន ៩ ៨៩៧ គ្រួសារ ក្នុងនោះគ្រួសារប្រជាពលរដ្ឋបានចាកចេញ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារ ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់ នូវបណ្ណកម្មសិទ្ធិ ចំនួន ៤ ៥៥៤បណ្ណ ត្រៀមចែកជូនប្រជាពលរដ្ឋ នាថ្ងៃនេះតែម្តង៕