ភ្នំពេញ ៖ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៨ ធ្នូនេះ បានឲ្យដឹងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាង សង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង , (២) គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២.៩០% នៃទុនវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ១៧.១០% មានប្រភពមកពីប្រទេសចិន ៕