ព័ត៌មានជាតិ

សម្ដេចធិបតី ចង់ឲ្យអ្នករិះគន់ ចុះមកមើលតំបន់រុនតាឯកដោយផ្ទាល់ ក្រោយនិយាយថា យកពលរដ្ឋមកទុកចោល

រូបភាពពី៖​ ម៉ៅ ដារ៉ាត

សៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ចង់ឲ្យអ្នករិះគន់ ចុះមកមើលតំបន់រុនតាឯកដោយផ្ទាល់ ក្រោយរិះគន់ថា យកប្រជាពលរដ្ឋមកទុកចោល ខណៈតំបន់នេះ មានការអភិវឌ្ឍឥតឈប់ឈរ។

នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃ៨ ធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធកែប្រែផ្លូវទាំងអស់នៅរុនតាឯកពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូ។ សម្តេចថា កម្ពុជាមិនមែនជាប្រទេសអ្នកមាននោះទេ ដូច្នេះត្រូវធ្វើអ្វីជាជំហាន និងដំណាក់កាលផងដែរ។

សម្ដេចមានប្រសាសន៍ថា «កន្លងទៅ ខ្ញុំឃើញមានអង្គការអន្ដរជាតិមួយចំនួន អ្នកនយោបាយមួយចំនួន ឆ្លៀតឱកាសមកវាយប្រហាររាជរដ្ឋាភិបាលថា យកប្រជាជន យកមកបោះចោល។ លោកតា លោកយាយ អ្នកនិយាយហ្នឹង គួរឲ្យមកមើល នឹងចុះមកមើលខ្លួនឯង ហើយមើលក្នុងរយៈពេលមួយឆ្នាំនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអ្នកមាន ដូចសហរដ្ឋអាមេរិក តែប្រទេសមួយនេះ មានរាជរដ្ឋាភិបាល មានថ្នាក់ដឹកនាំដែលមិនអត់ចិត្តទេ គឺខិតខំដើម្បីធ្វើយ៉ាងណាឲ្យបានលឿន មិនទុកប្រជាពលរដ្ឋចោលទេ»។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ក្រសួងរៀបចំដែនដី ត្រូវបន្តរៀបចំប្លង់គោលប្រើប្រាស់ដីសម្រាប់តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឲ្យអស់សក្តានុពល ឲ្យស្របតាមប្រភេទដីសម្រាប់កសិកម្ម ការចិញ្ចឹមសត្វ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលតភ្ជាប់សេដ្ឋកិច្ចរវាងទីក្រុង និងជនបទ៕

To Top