ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ សម្ព័ន្ធមេត្រីភាពរវាងប៉េកាំង -ភ្នំពេញ នឹងធ្វើឲ្យមានកំណើនភ្ញៀវទេសចរចិន

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ជាមួយ លោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំង សន្និសីទប្រឹក្សានយោបាយសាធារណរដ្ឋ ប្រជាមានិតចិន ថា តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ នឹងធ្វើឲ្យភ្ញៀវទេសចរចិន មានកំណើនថែមទៀត។

ក្នុងជំនួបសម្តែងការគួរសមជាមួយលោក លូ យ៉ាន នាព្រឹកថ្ងៃទី១១ធ្នូ លោកឃួង ស្រេង បានលើកឡើងថា រាជធានភ្នំពេញជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងយ៉ាងល្អ ទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។

ក្នុងនោះដែរ លោក ឃួង ស្រេង បញ្ជាក់ថា ទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសេសលើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន គឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែដោយមានការរីកចម្រើនធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋ រហូតដល់៣លាននាក់ ចេញ-ចូលរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗ ។

លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ពីទំនងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងមិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ ។ លោកក៏បានស្នើឲ្យចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗ ព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកដើរលេងកំសាន្តនៅកម្ពុជា។

លោក ឃួង ស្រេង បញ្ជាក់ថា “តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ នឹងធ្វើឲ្យភ្ញៀវទេសចរចិនមានកំណើនថែមទៀត ។ ប្រទេសកម្ពុជា និងប្រទេសចិន ពិសេសគឺទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ នឹងចងជាគណនី media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនកើនឡើង” ។

ជាមួយគ្នានេះ លោក លូ យ៉ាន បានលើកឡើងថា “ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញមានបញ្ហាប្រឈមដូចគ្នា ទៅលើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាម សំណល់រឹង។ ការជួបពិភាក្សាការងារ សម្ដែងការគួរសមនៅពេលនេះ ដើម្បីរួមចំណែក លើការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងឲ្យកាន់តែល្អ និងយូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនង ដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឲ្យចំណងមិត្តភាពកាន់តែរឹងមាំ និងកាន់តែជ្រៅជ្រះ”។

ឆ្លៀតក្នុងឱកាសនោះ លោក លូ យ៉ាន ក៏បានអញ្ជើញប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង នៅពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។ លោកបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញ ជាទំនាក់ទំនងដែលមាននិន្នាការល្អ នាប៉ុន្មានឆ្នាំកន្លងមកនេះ៕

To Top