ព័ត៌មានជាតិ

ADB អបអរសាទរ កម្មវិធីបណ្តុះបណ្តាល ជំនាញ១.៥លាន របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជានិងក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកនាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិ ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានក៏បានថ្លែងអំណរ គុណដល់ ADBដែលបានអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ (C1) ដែលជាការគិតគូរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យ សម្រាប់យុវជនមកពីគ្រួសារ ក្រីក្រនិងងាយរងហានិភ័យ ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើន ដែលក្រសួងបានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាម មានជំនាញជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សា ដែលជាការហាត់ការជាក់ស្តែង នៅតាមរោងចក្រសហគ្រាស។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលបន្ថែម ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើន លើការបណ្តុះបណ្តាល ជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ីមួយនេះ នឹងបន្តគាំទ្រ ជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត ៕

To Top