ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាឱ្យពង្រឹងសន្តិសុខ ក្នុងដំណើរការបោះឆ្នោត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដំណើរការ នៃការបោះឆ្នោតនានា ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីកុំឱ្យការងារបោះឆ្នោតទទួលការបរាជ័យ។

ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន គ.ស.អ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវលើកកម្ពស់តួនាទី និងភាពទទួលខុសត្រូវ ក្នុងការដឹកនាំ សម្របសម្រួលកងកម្លាំង ក្រោមយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានីខេត្ត នឹងផ្ដល់សេវាសន្តិសុខសុវត្ថិភាពគ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា បន្តថា ទន្ទឹមនឹងនោះ ត្រូវបន្តយកចិត្តទុកដាក់ គ្រប់គ្រងសភាពការសន្តិសុខនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្នុងនោះបន្តជំរុញឱ្យបានខ្លាំងក្លាបន្ថែមទៀត ក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅពង្រឹងស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ឱ្យកាន់តែល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «កម្លាំងមានសត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលជាភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវមានភាពអព្យាក្រឹត និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពី ការបោះឆ្នោត បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ជាភ្នាក់ងារសន្តិសុខបោះឆ្នោត ហើយត្រូវបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាដល់គ្រប់គោលដៅ និងមុខសញ្ញា ដែលត្រូវការពារប្រកបដោយតម្លាភាព និងគ្មានភាពរើសអើង»។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការបោះឆ្នោតនៅកម្ពុជា នាប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានករណីមនុស្សបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍អ្វីនោះទេ ហើយនេះជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិមុខបន្សល់ទុកឲ្យ ដូចនេះ សូមជំរុញដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវខិតខំថែរក្សានូវកេរដំណែលនេះ កុំឲ្យមានភាពបរាជ័យនៅក្នុងអាណត្តិថ្មីនេះ ។

ក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ត្រូវអនុវត្តន៍ច្បាប់ និងបញ្ជានានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យដំណើរការបោះឆ្នោតនានា បានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕

To Top