ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា ប្រាប់ទូតអឺរ៉ុបថា ក្រសួងនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃ១២ ធ្នូនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ថា ក្រសួងនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ។

ការបន្តសកម្មភាពរបស់ក្រសួងនេះ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថា ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជំហរឲ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ពិចារណាលើការផ្តល់ជំនួយឥតសំណងសម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី២ (WAT4CAM-២) និងគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)ផងដែរ ។

ក្នុងជំនួបនេះរដ្ឋមន្ត្រី ស្វាគមន៍ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ រដ្ឋមន្ត្រីបាន លើកឡើងអំពីផែនការរបស់ក្រសួងដែលបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយមសម្រាប់៥ឆ្នាំទៅមុខ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នឹងពិនិត្យពិចារណាលើសំណើសុំជំនួយឥតសំណងលើ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ដោយបានសន្យា នឹងពិភាក្សាជាមួយទីស្នាក់ការកណ្តាល ដើម្បីពិនិត្យលទ្ធនៃការស្នើសុំ។

ព្រមជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះការវិវត្តន៍នៃគម្រោង និងកិច្ចសហការដ៏ល្អជាមួយក្រសួងធនធានទឹក នាពេលកន្លងមក និងបន្តទៅពេលខាងមុខ។ ឯកអគ្គរដ្ឋទូតបានលើកឡើងពាក់ព័ន្ធគណៈកម្មការទន្លេមេគង្គ ពីបញ្ហាប្រឈមទាក់ទងនឹងប្រទេសក្នុងតំបន់ទន្លេមេគង្គដោយសារការប្រែប្រួលអាកាសធាតុ។

ជាការកត់សំគាល់ក្នុងជំនួបសម្តែងការគួរសមរវាងភាគីទាំង២នេះ បានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ខណៈភាគីទាំង២បង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឲ្យកាន់តែមានសន្ទុះឈានឡើង។

គួរបញ្ជាក់ថា កន្លងមក សហភាពអឺរ៉ុបបានជួយគាំទ្រគម្រោងវិស័យធនធានទឹកដែលអនុវត្តនៅតាមខេត្តមួយចំនួននៅកម្ពុជា ជាពិសេសគម្រោង WAT4CAM។ ក្នុងនោះក៏មានការកសាង និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងការររៀបចំកសាងបណ្តាញកសិករប្រើប្រាស់ទឹក ដើម្បីធានានូវការប្រើប្រាស់ទឹកដោយនិរន្តភាព ដើម្បីបម្រើដល់គោលដៅកសិកម្ម៕

To Top