ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន៖ យុវជនត្រូវទទួលបានបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុវជនត្រូវទទួលបាននូវបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដោយអាចឲ្យយុវជនអភិវឌ្ឍ សក្តានុពលខ្លួនបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

នាឱកាសផ្ដល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការបោះជំរំយុវជនជាសកល លើកទី៩ ក្រោមប្រធានបទ “ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព” នៅលើទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា “យុវជនត្រូវទទួលបាននូវបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដែលអាចឲ្យយុវជនអភិវឌ្ឍន៍ សក្តានុពលខ្លួនបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ និងក្លាយទៅជាអ្នកដឹកនាំជាតិសំខាន់ៗនាពេលអនាគត ក្នុងដំណើរឈានទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០”។

លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត រៀបចំការបោះជំរំយុវជនជាសកល លើកទី៩នេះឡើង ប្រកបដោយគុណភាព ក្នុងន័យលើកកម្ពស់គុណតម្លៃ របស់យុវជនក្នុងការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសកលលើកទី៩នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីដំណើរការនៃការអភិវឌ្ឍរបស់យុវជនកម្ពុជា ក្នុងបរិបទដែលប្រទេសជាតិទទួលបាន សុខសន្តិភាពពេញលេញ ក៏ដូចជាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

To Top