ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រៃវែង ផ្តល់អាហារូបករណ៍ជាង ៨០០កន្លែងដល់យុវជន មកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៨៤០នាក់ លើមុខជំនាញសំខាន់ៗចំនួន ១៣ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នា២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។

បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញចំនួន១៣មានដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងសរសៃរដែក ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងការជួសជុលរថយន្ត សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ ការធ្វើម្ហូបខ្មែរ។ វិទ្យាស្ថានបានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ

វិទ្យាស្ថានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះយុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។

ការប្រកាសផ្តល់អាហាររូបករណ៍ពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងនាពេលនេះ គឺធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ៕

To Top