ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការ អន្តរក្រសួងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីជំរុញការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប ក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។

សូមរំលឹកដែរថា គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿន លឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឲ្យដំណើរ ការរយៈពេលជាង១ឆ្នាំ មកហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាង សង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក ។ ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន ៖ រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ៕


